Wednesday, October 21, 2020

គ្រូជម្រើសជាតិ លោក Honda ចូលរួមសោកស្តាយចំពោះប្រជាជនកម្ពុជារាប់ម៉ឺននាក់ដែលរងគ្រោះទឹកជំនន់


អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាលោក Kiesuke Honda បានបង្ហោះសារបង្ហាញពីអារម្មណ៍ក្តុកក្តួលចំពោះព្រឹត្តិការណ៍ទឹកជំនន់នៅប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍លើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា ជូនចំពោះប្រជាជនកម្ពុជា៖ ខ្ញុំសូមចូលរួមសោកស្តាយចំពោះជនរងគ្រោះ និងគ្រួសារទាំងអស់ដែលកំពុងជួបទុក្ខដោយសារជំនន់ទឹកភ្លៀង។ ខ្ញុំពិតជាពិបាកចិត្តខ្លាំងបំផុតដែលមិនអាចជួយអ្វីបាន។ តែខ្ញុំពិតជាបារម្ភពីអ្នកទាំងអស់គ្នាខ្លាំងបំផុត។ ខ្ញុំមានតែពាក្យប៉ុន្មានម៉ាត់ប៉ុណ្ណោះ គឺសូមឲ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាព និងរឹងមាំឡើង។ ចុងក្រោយលោកក៏បានបន្ថែមពាក្យថា See you soon បានន័យថាលោកនឹងមកប្រទេសកម្ពុជាឆាប់ៗនេះ។



សូមបញ្ជាក់ថា លោក Kiesuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការដឹកនាំក្រុមជម្រើសជាតិកាលពីអំឡុងខែសីហា ឆ្នាំ២០១៨។ វត្តមានរបស់លោកនៅកម្ពុជាពិតជាទាក់ទាញអ្នកកាសែតអន្តរជាតិមកពីគ្រប់មជ្ឍដ្ឋានឲ្យងាកមកចាប់អារម្មណ៍វិស័យបាល់ទាត់កម្ពុជា។ ទោះបីមិនទាន់ទទួលជោគជ័យ ប៉ុន្តែការដឹកនាំរបស់លោក Honda ឃើញថាទម្រង់លេងរបស់ក្រុមគោព្រៃមានភាពខុសប្លែកជាងមុនឆ្ងាយ ហើយកីឡាករហាក់មានទំនុកចិត្តខ្ពស់ជាងមុន។ លោក Honda បានរៀបចំផែនការជាមួយសហព័ន្ធរួចរាល់ហើយ និងមានឆន្ទៈជួយក្រុមជម្រើសជាតិឲ្យឈ្នះមេដាយមាសនៅស៊ីហ្គេមឆ្នាំ២០២៣ខាងមុខផងដែរ។ ដោយសារមមាញឹកខ្លាំងជាមួយអាជីបបាល់ទាត់នៅក្លិប Botafogo ក្នុងលីគកំពូលប្រទេសប្រេស៊ីល ប៉ុន្តែលោក Honda បានចាត់តាំងជំនួយការផ្ទាល់របស់លោកគឺលោក Felix Dalmas ឡើងធ្វើជាគ្រូបង្គោលជម្រើសជាតិ និងជួយចាត់ចែងក្រុមជំនួសលោក ប៉ុន្តែក្រោមការតាមដានយ៉ាងហ្មត់ចត់បំផុតពីសំណាក់លោកផ្ទាល់តែម្តង។ 

Share:

0 kind thoughts:

Post a Comment

Blogger templates

Flag Counter

Categories